Tuesday, August 12, 2014

ប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្ត




     អង្គរវត្ត ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​សៀមរាប ក្នុង​ស្រុក​សៀមរាប មាន​ចម្ងាយ​៧​គ.ម ពី​ទី​រួម​ខេត្ត តាម​ផ្លូវ​កូម៉ៃ ឬ​ផ្លូវ​សាល​ដឺ ហ្គោល​។ វា​ជា​ប្រជុំ​អគារ​ប្រាសាទ​ព្រហ្មញ្ញ​សាសនា​ធំ​បំផុត​និង​វិមាន​សាសនា​ដ៏​ធំ​បំផុត​នៅ​ក្នុងពិភព​លោក។



     ប្រាសាទ​ត្រូវ​បាន​កសាង​ឡើង​ដោយ​សូរ្យ​វរ្ម័ន​ទី​២ ​ដែល​ជា​ស្នាដៃ​ដ៏​ធំ​ចម្បង​អស្ចារ្យ​និង​មាន​ឈ្មោះ​ល្បីល្បាញ​រន្ទឺ​សុះសាយ ទៅ​គ្រប់​ទិស​ទី​លើ​ពិភពលោក។ សង់​ឡើង​នៅ​ដើម​សតវត្ស​ទី​១២ នៅ​យសោធរបុរៈ (សម័យ​បច្ចុប្បន្ន​អង្គរ) អធិរាជា​ណា​ចក្រ​ខ្មែរ​ ជា​ប្រាសាទ​តំណាង​និង​ព្រះ​សុសាន​ចុង​ក្រោយ​របស់​ព្រះ​អង្គ។ ដែល​ងាក​ចេញ​ពី​ប្រពៃណី​សិវនិយម​នៃ​ព្រះ​រាជា​មុនៗ អង្គរវត្ត​ដែល​ជំនួស​មក​វិញ ឧទ្ទិស​ដល់​ព្រះ​វិស្ណុ។ ជា​ប្រាសាទ​ដែល​នៅ​គង់​វង្ស​ល្អ​បំផុត​នៅ​ស្ថានីយ​នេះ វា​គឺ​ជា​ប្រាសាទ​តែមួយ​គត់​ដែល​បាន​បន្សល់​ទុក​នូវ​មជ្ឈមណ្ឌល​សាសនា​ដ៏​សំខាន់ មួយ​ចាប់​តាំង​ពី​មូលដ្ឋាន​គ្រឹះ​របស់​ខ្លួន​ – ដំបូង​ព្រហ្មញ្ញ​សាសនា​បូជា​ដល់​ព្រះ​វិស្ណុ ក្រោយ​មក​ពុទ្ធ​និយម។ ប្រាសាទ​នេះ​ស្ថិត​នៅ​ក្នុង​រចនាបថ​បុរាណ​ជាន់​ខ្ពស់​កំពូល​នៃ​ស្ថាបត្យកម្ម​ខ្មែរ។ វា​បាន​ក្លាយ​ជា​និមិត្តរូប​កម្ពុជា​[១]​ ដែល​រំលេច​លើ​ទង់​ជាតិ​របស់​ប្រទេស ជា​រូបភាព​តំណាង​ប្រទេស​ជាតិ​ខ្មែរ និង​វា​ក៏​ជា​ការ​ទាក់ទាញ​ពួក​អ្នក​ទេសចរណ៍​សំខាន់​របស់​ប្រទេស​នេះ​ផង​ដែរ។


អត្ថបទដកស្រង់​ចេញ​ពី​ km.wikipedia.org









ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ




     ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ ​ឃុំ​កន្ទួត ស្រុក​ជាំ​ខ្សាន្ត នៅ​លើ​ខ្នង​ភ្នំ​ដង​រែក (៨០០គុណ​នឹង៤០០​ម៉ែត្រ​ការ៉េ)។ ដង​ភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ។ ប្រាសាទ​ព្រះ​វិហារ​មាន​ចម្ងាយ​៤០៥​គីទ្បូមែត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញ​ពី​ទី​រួម​ខេត្ត​ព្រះ​វិហារ ​វិញ វា​មាន​ចម្ងាយ​ត្រឹម​តែ​១០៨​គីឡូម៉ែត្រ​​តែ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំ​ខ្សាន្ត។ នៅ​ឯ​ភ្នំ​ដង​រែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ ដែល​ជា​ទីតាំង​របស់​ប្រាសាទ​ព្រះ​វិហារ​ស្ថិត​នៅ​។​



     ប្រាសាទ​ព្រះវិហារ​គឺ​ជា​តំបន់​ប្រវត្តិ​សាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា ​សេការីស្វារៈ មាន​ន័យ​ថា អំណាច​នៃ​ភ្នំ ហើយ​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្នុង​អំឡុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះ​មហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះ​បាទ​យ​សោ​វរ្ម័ន​ទី​១ (សាង​សង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​១(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​២ (សាង​សង់​ក្នុង​គ.ស​១១១៣-១១៥០) និង​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស​១០៨០-១១០៩)។ ប្រាសាទ​ព្រះវិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់​សេចក្ដី​ពី​តុលាការ​អន្តរជាតិ ក្រុង​ទ្បាអេ​១៥​មិថុនា ឆ្នាំ​​១៩៦២ ក្រោម​​ព្រះ​រាជ​កិច្ច​ដឹកនាំ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ។


អត្ថបទដកស្រង់​ចេញ​ពី​ Km.wikipedia.org








ប្រាសាទបាពួន

ប្រាសាទបាពួន




     បា្រសាទ​បាពួន​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ចូល​ទៅ​កាន់​ទ្វារ​ដី​ឆ្នាំង​ ស្ថិត​នៅ​បន្ទាប់​ពី​ប្រាសាទ​បាយ័ន និង​ក្បែរ​ព្រលាន​ជល់​ដំរី។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​សតវត្សរ៍​ទី​១១ រវាង​ឆ្នាំ​១០៦០ ដោយ​ព្រះ​បាទ​ឧទ័យ​ទិត្យវរ្ម័ន​ទី​២ (១០៥០-១០៦៦) ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញ​សាសនា។ ប្រាសាទ​នេះ​មាន​ចម្លាក់​ខុស​ពី​ប្រាសាទ​ផ្សេងៗ​ទៀត គឺ​ឆ្លាក់​នៅ​លើ​ថ្ម​តូចៗ ស្រដៀង​នឹង​ឥដ្ឋ។ ចម្លាក់​នេះ​នៅ​សេសសល់​តិច​តួច​ប៉ុណ្ណោះ​។ ប្រាសាទ​ភ្នំ​នេះ​មាន​រាង ដូច​សាជី​មាន​ប្រាំ​ថ្នាក់​សំណង់​ធ្វើ ពី​ថ្មភក់​ថ្ម​បាយ​ក្រៀម និង​ឈើ​មាន​គោបុរៈ នៅ​ទាំង​បួន​ទិស ព្រម​ទាំង​មាន​រូប​ចម្លាក់​ក្បាច់​រចនា ​ល្អ​ឆើត​ទាក់​ទង​ទៅ​នឹង​រឿង​រាម​កេរ្តិ៍​ខ្មែរ និង​មាន​ក្បាច់​ចម្លាក់​ផ្សេងៗ ទៀត​ទាក់ទង​ទៅ​នឹង​ល្បែង​កីឡា និង​រូប​ព្រះ​ពុទ្ធ​ចូល​ព្រះ​និពា្វន​ដែល​គេ​ទើប​កសាង​នា​សម័យ​លង្វែក។



     ប្រាសាទ​នេះ​ជា​ប្រភេទ​ប្រាសាទ​ភ្នំ​តំណាង​អោយ​ភ្នំ​ព្រះ​សុមេរុ មាន​កំពែង​ប្រវែង ​៤២៥ X ១២៤ ម៉ែត្រ​ព័ទ្ធ​ជុំ​វិញ។ លក្ខណៈ​ពិសេស​មួយ​ទៀត​នៃ​ប្រាសាទ​នេះ គឺ​ផ្លូវ​ចូល​ប្រវែង​២០០​ម៉ែត្រ នៅ​ទិស​ខាង​កើត ​មាន​លក្ខណៈ​ជា​ស្ពាន​ទ្រដោយ​សសរ​មូល​បី​ជួរ​។ នៅ​ជាន់​ទី​មួយ ទី​ពីរ ទី​បី នៃ​ប្រាសាទ​មាន​ថែវ​ធ្វើ​ពី​ថ្ម​ភក់។


អត្ថបទដកស្រង់​ចេញ​ពី​ http://km.wikipedia.org







ប្រាសាទអង្គរធំ

ប្រាសាទអង្គរធំ




     អង្គរធំ​គឺ​ជា​រាជធានី​ចុង​ក្រោយ​គេ​បង្អស់ និង​ឋិត​ថេរ​ជាង​គេ​នៃ​សម័យ​អង្គរ ​រហូត​ដល់​សតវត្សរ៍​ទី​១៥ ដែល​ជា​រាជធានី​ដ៏​អស្ចារ្យ​មួយ និង​ជា​កន្លែង​សាសនា និង​រដ្ឋបាល​នៃ​អាណាចក្រ​ខ្មែរ​។ ទីក្រុង​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី​១២​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ (១១៨១-១២២០) (មរណ​នាមៈ មហាបរមសង្គតបទ)។ ទីក្រុង​នេះ​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ដែល​មាន​ទំហំ​៩​គីឡូ​ម៉ែត្រ​ក្រឡា​ ដែល​មាន​ពូជនីយដ្ឋាន​ជា​ច្រើន​បន្សល់​ទុក​តាំង​ពី​សម័យ​មុនៗ​មក និង​សម័យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ និង​អ្នក​ស្នង​រាជ​ពី​អង្គ​បាន​កសាង​ជា​បន្ត​បន្ទាប់។



     នៅ​ចំ​កណ្តាល​នៃ​ទីក្រុង​នេះ​មាន​ប្រាសាទ​មួយ​តំណាង​អោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​គឺ​ប្រាសាទ​បាយ័ន។ អង្គរ​ធំ​ត្រូវ​បាន​កសាង​ជា​រាជធានី​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ និង​ជា​មជ្ឈមណ្ឌល​នៃ​ស្ថាបនា​សំនង់​នានា​របស់​ព្រះ​អង្គ។ សិលា​ចារិក​មួយ​ដែល​គេ​បាន​រក​ឃើញ​នៅ​រាជធានី​បញ្ជាក់​ថា​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ជា​កូន​កំលោះ និង​រាជធានី​ជា​កូន​ក្រមុំ​របស់​ទ្រង់។



     ពាក្យ​ថា​អង្គរ​ធំ គឺ​មាន​ន័យ​ថា​ជា​រាជធានី ឬ​ជា​ទីក្រុង​ដែល​ធំ។ រាជ​ធានី​នេះ​បាន​កសាង​ឡើង​តាំង​ពី​ចុង​សតវត្សរ៍​ទី​៩ ដោយ​ព្រះ​បាទ​យសោវរ្ម័ន​ទី​១ មាន​ឈ្មោះ​ថា យសោធរបុរ ឬគ្រីយសោធរបុរ តាម​សិលាចារិក។ តាម​សិលា​ចារិក​សម័យ​កណ្តាល​ខ្លះ​ទៀត​ថា​អង្គរ​ធំ គឺ​ហៅថា​មហា​នគរ ឬ​ឥន្ទ្រប្រស្ថបុរី ដែល​មាន​ទំរង់​អាច​យក​ជា​ការ​បាន គឺ​ឥន្រ្ទប្រគ្ថ ឥន្ទីប្រាស់ ឥន្ទិបដ្ថ។


អត្ថបទដកស្រង់​ចេញ​ពី​ http://km.wikipedia.org








ប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រី




     ប្រាសាទ​បន្ទាយ​ស្រី​គឺ​ជា​ប្រាង្គ​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន​នៅ ​ខេត្ត​សៀមរាប អង្គរ​ដ៏​ល្បីល្បាញ​នៅ​ក្នុង ប្រទេស​កម្ពុជា ក៏​ដូចជា​នៅ​លើ ពិភព​លោក​ដែរ ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរ​ជាតិ​យ៉ាង​ច្រើន​កុះករ​មក​ពី​តំបន់​ជា​ច្រើន។ ក្រុម​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​ទស្សនា​ប្រាង្គ ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ដទៃ​ទៀត​នៅ​ក្នុង​ទឹក​ដី​នៃ ខេត្ត​សៀមរាប តែង​តែ​ឆ្លៀត​ចំណាយ​ពេល ​ធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ដ៏​ឆ្ងាយ​ពី​ទី​រួម​ខេត្ត ។



     ប្រាសាទ​បន្ទាយ​ស្រី​បាន​កសាង​ឡើង​ក្នុង​គ្រិស្ត​សករាជ​៩៦៧ ក្នុង​រជ​កាល​ព្រះ​បាទ​រាជេន្រ្ទ​វរ្ម័ន គឺ​មុន​ការ​កសាង​ប្រាសាទ​អង្គរវត្ត និង​អង្គរ​ធំ ដោយ​ព្រហ្មណ៍​ម្នាក់​ឈ្មោះ យជ្ញវរាហៈ ដែល​ជា​ព្រះ​គូ្រ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៥ ​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​។ ប្រាសាទ​បន្ទាយ​ស្រី​មាន​ឈ្មោះ​ល្បី ព្រោះ​វា​ត្រូវ​បាន​សាង​សង់​ឡើង​ពី ថ្ម​ផ្កាឈូក​ជាមួយ នឹង​ក្បាច់​ចម្លាក់ យ៉ាង​ល្អិត​ឆ្មារ​រស់​រវើក​ជាង​គេ ដោយ​មាន​តួ​ប្រាង្គ​បី ដែល​មាន​សភាព​ល្អ​ឆើត​ឆាយ​ដូច​ស្រី​គ្រប់​លក្ខណ៍។ ប្រាសាទ​នេះ​សង់​លើ​ដី​រាប​ស្មើ​មាន​រាង​តូច​ច្រឡឹង​ដោយ​ថ្ម​ភក់​ផ្កាឈូក និង​ឥដ្ឋ​រាង​៤​ជ្រុង​ទ្រវែង ហើយ​មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ ​ប្រាង្គ​ទាំង​បី​នៃ​ប្រាសាទ​សង់​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​ប្រាង្គ​កណ្តាល​មាន​តម្កល់ លិង្គ​ព្រះ​ឥសូរ ខាង​ត្បូង​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញ​សាសនា និង​ខាង​ជើង​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​វិស្ណុ​។



     ប្រាសាទ​បន្ទាយ​ស្រី​កាល​ដើម​ឡើយ​មាន​ឈ្មោះ​ថា "ឥសូរបុរៈ" ប្រែ​ថា ​"បុរី​នៃ​ឥសូរ" ប៉ុនែ្ត​សម័យ​ក្រោយៗ​មក​ទៀត​គេ​ហៅថា ប្រាសាទ​បន្ទាយ​ស្រី ទៅ​វិញ​ដោយ​សារ​តែ​រាង​តូច​ច្រឡឹង និង​ក្បូរ​ក្បាច់​រចនា​ដ៏​ស្រស់​ស្អាត និង​រស់​រវើក​នៅ លើ​ផ្ទាំង​ថ្ម​ពណ៌‌​ផ្កា​ឈូក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រាសាទ​នេះ​បាន​ទទួល​ការ​កោត​សរសើរ​ពី​ភ្ញៀវ​ទេសចរ​សឹង​គ្រប់​រូប​ថា ពិត​ជា​ស្រស់​ស្អាត ទោះ​បី​មាន​បរិវេណ​តូច​ចង្អៀត​ បន្តិច​មែន​តែ​ទ្រង់ទ្រាយ ប្រាសាទ​លំអ​ទៅ​ដោយ​ចម្លាក់​ផ្កា​ភ្ញី នៃ​រឿងរ៉ាវ​ដែល​ទាក់​ទង​ទៅ​នឹង​លទ្ធិទេវរាជ "រឿង​រាម​កេរ្តិ៏​ខែ្មរ" មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ចម្លាក់​នីមួយៗ​ សុទ្ធ​តែ​មាន​លក្ខណៈ​រស់​រវើក​បើ​ប្រៀប​ធៀប​ទៅ នឹង​ប្រាសាទ​ដទៃ។


អត្ថបទដកស្រង់​ចេញ​ពី​ http://km.wikipedia.org








ប្រាសាទតាកែវ

ប្រាសាទតាកែវ




     ប្រាសាទ​នេះ​គឺ​ជា​លទ្ធផល​ផ្លែផ្កា​មួយ ​ក្រោម​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​១ នា​សតវត្ស​ទី​១០ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ។ ប្រាសាទ​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ជា​រាង​សាជី​ដែល​មាន​៥​ដំនាក់ ​និង​មាន​កំពស់​២០​ម៉ែត្រ​ប៉ុន្តែ​ជា​អកុសល​ប្រាសាទ​តាកែវ​មួយ​នេះ​មិន​បាន សាង​សង់​រួច​រាល់​ជា​ស្ថាពរ​នោះ​ទេ។



     វិមាន​ប្រវត្តិសាស្ត្រ​ដ៏​ស្កឹមស្កៃ​នេះ មាន​បី​ជាន់ និង​មាន​កំពស់​៤៦​ម៉ែត្រ​ បើ​គិត​ពី​បាត​ដល់​កំពូល​ប្រាសាទ ត្រូវ​បាន​សាង​សង់​នៅ​លើ​ផ្ទៃ​ដី​រាង​បួន​ជ្រុង​ទ្រវែង ដែល​មាន​បណ្តោយ​១២០ម៉ែត្រ x ១០០​ម៉ែត្រ ហើយ​ពី​មុខ​មាន​ស្រះ​ទឹក​ព័ទ្ធ​ជុំវិញ។



     ប្រាសាទ​នេះ​ត្រូវ​បាន​អភិរក្ស​ពី​ឆ្នាំ​១៩២០ ដល់​ឆ្នាំ​១៩២២ ហើយ​ត្រូវ​បាន​បោះ​បង់​ចោល។ នៅ​ទី​បំផុត​ត្រូវ​បាន​ត្រួសត្រាយ​នៅ​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩៣ ដោយ​លោក អួង​វន ក្រោម​ការ​ណែនាំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។



     ​ជាន់​ទី​១ មាន​ក្លោង​ទ្វារ​ចូល​ទាំង​៤​ទិស​ត​​ភ្ជាប់​នឹង​កំពែង​ព័ទ្ធ​ជុំវិញ ទ្រ​ដោយ​ខឿន​ថ្ម​បាយ​ក្រៀម​។ គោ​បុរៈ​​ខាង​​កើត និង​​ខាង​​លិច​មាន​ជណ្តើរ​ឡើង​បី កណ្តាល​មួយ និង​ស្លាប​ពីរ (អម​សង​ខាង)។ គោបុរៈ​ខាង​ជើង ​ខាង​ត្បូង​មាន​តែ​ជណ្តើរ​ឡើង​តែមួយ​ចំ​កណ្តាល​។ ពេល​គេ​មើល​ចប់​ត្រូវ​ឡើង​ទៅ​ជាន់​ទី​១​ទៀត​។
     ​ចន្លោះ​​ជាន់​​ទី​​១ និង​​ជាន់​​ទី​​២ មាន​បណ្ណាល័យ​ពីរ​តាម​បណ្តោយ​កំពែង។ ជាន់​​ទី​​២ មាន​​ជណ្តើរ​ឡើង​តែ​មួយមាន​​​ខឿន​​មួយ​​ជាន់​​ធ្វើ​​អំពី​ថ្ម​បាយ​ក្រៀម​កំពស់៥,៥០ម មាន​កាំ ហើយ​មាន​គោបុរៈ​ចូល​៤​ទិស​ដែរ នៅ​គ្រប់​ជ្រុង​អនុទិស​មាន​ប្រាសាទ​ជ្រុង​តភ្ជាប់​ដោយ​រោង​ទង​(ជា​ថែវ) ធ្វើ​អំពី​ថ្ម​ភក់​ព័ទ្ធ​ជុំវិញ។ នៅ​​ថែវ​ខាង​កើត​មាន​សំណង់​បណ្ណា​ល័យ​៤ តាម​បណ្តោយ​រោង​ទង​មាន​បណ្ណាល័យ​ពីរ​នៅ​សង​ខាង​គោបុរៈ និង​មាន​ពីរ​ទៀត​នៅ​ស្រប​គោបុរៈ ហើយ​មាន​ទ្វារ​ចូល​ទៅ​លិច។
     ​ចន្លោះ​ជាន់​ទី​២ និង​ទី​៣ មាន​បណ្ណា​ល័យ​៤ អម​បណ្តោយ​រោង​ទង​មាន​បណ្ណាល័យ​ពីរ​បែរ​មក​ក្នុង។ នៅ​ក្បែរ​គោបុរៈ​ជាន់​ទី​២ ខាង​ក្នុង​មាន​បណ្ណាល័យ​ពីរ​ទៀត​ធ្វើ​អំពី​ថ្ម​ភក់ បែរ​មុខ​ទៅ​ទិស​ខាង​លិច។ នៅ​អែប​ក្បាល​ជណ្តើរ​មាន​ចំ​ឡាក់​គោ​មួយ​បែរ​មុខ​មក​ទិស​ខាង​កើត​។
     ​ជាន់​ទី​៣ មាន​ខឿន​៣​ជាន់ កំពស់​១៣,៨០​ម មាន​កាំ​ជណ្តើរ​៤១​កាំ ហើយ​មាន​ជណ្តើរ​ឡើង​ទាំង​៤​ទិស​។ ចំពោះ​ខឿន​ទាំង​បី​ជាន់​នេះ គេ​ឆ្លាក់​ក្បាច់​ល្អ​វិចិត្រ ជា​ទម្រ​ប្រាសាទ​ទាំង​៥ ខាង​លើ ពេល​គេ​ឡើង​ដល់​ប្រាសាទ​កណ្តាល​ហាក់​ដូច​ជា​ឡើង​ដល់​ភ្នំ​ព្រះ​សុមេរុ ​ខ្យល់​រសៀកៗ​គួរ​ឲ្យ​ត្រជាក់​ចិត្ត។ ប្រាសាទ​កណ្តាល​មាន​ខឿន​បី​ជាន់ មាន​កាំ​ចំនួន​២០ សំរាប់​ទ្រ​ប្រាសាទ​កណ្តាល ហើយ​មាន​ប្រាង្គ​ខ្ពស់​ត្រដែត​លើ​នភាល័យ​៕


អត្ថបទដកស្រង់​ចេញ​ពី​ http://km.wikipedia.org



ប្រាសាទតាព្រហ្ម

ប្រាសាទតាព្រហ្ម




     ក្រោយ​ថៃ្ង​រំដោះ​៧ មករា​ឆ្នាំ​១៩៧៩​ រហូត​មក​ប្រាសាទ​តាព្រហ្ម​នេះ​ត្រូវ​បាន​រួច​ផុត​ពី​ក្រញាំ​នៃ​របប ប៉ុលពត​ហើយ​ក៏​មាន​ភាព​ស្រស់​បំព្រង​ឡើង​វិញ រួម​ទាំង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​ដើម្បី​ស្រាវជ្រាវ​ថ្ម ​និង​វត្ថុ​បុរាណ​ដែល​ប្រាសាទ​នេះ​កើត​តាំង​ពី សតវត្ស​ទី​១៣ គឺ​ក្រោយ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប។



     ឈ្មោះ​ដើម​របស់​ប្រាសាទ​តាព្រហ្ម​គឺ រាជ​វិហារ។ ប្រាសាទ​តាព្រហ្ម​មាន​ទីតាំង​នៅ​តាម​ផ្លូវ​វង់​តូច​ទៅ​តាម​ទារ​ជ័យ​គឺ បន្ទាប់​ពី​ប្រាសាទ​តាកែវ ប្រហែល​១​គ.ម ហើយ​មាន​កំពែង​បន្ទាយ​ក្តី​ផ្នែក​ពាយ័ព្យ​។ ប្រាសាទ​នេះ​កសាង​ឡើយ​នៅ​ក្នុង​ឆ្នាំ​១១៨៦​នៃ​គ្រឹស្ត​រាជ ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​មាតា​របស់​ព្រះ​អង្គ​ក្រោម​រូបភាព​ប្រាជ្ញា​បារមី​។ ប្រាសាទ​នេះ​រុំ​ព័ទ្ធ​ទៅ​ដោយ​ឈើ​ធំៗ​ដុះ​លើ​ប្រាសាទ។



     តាម​សិលា​ចារិក​នៅ​ប្រាសាទ​នេះ​បញ្ជាក់​ប្រាប់​ពី​ទំហំ ​និង​មុខងារ​របស់​ប្រាសាទ។​ តាព្រហ្ម​មាន​៣១៤០​ភូមិ និង​មាន​មនុស្ស​៧៩៣៦៥​នាក់ មើល​ថែ​ប្រាសាទ​រួម​មាន​រាជ​គ្រូ​១៨នាក់ មន្រ្តី​២៧៤០​នាក់ ជំនួយ​ការ​២២០២​នាក់ និង​អ្នក​រាំ​របាំ​៦១៥​នាក់​។ ក្នុង​ចំនោម​ទ្រព្យ​សម្បត្តិ​របស់​ប្រាសាទ​នេះ​មាន ចាន​មាស ដែល​មាន​ទំងន់​ជាង​៥០០​គីឡូក្រាម មាន​ពេជ្រ​៣៥៣៥ គុជ​ខ្យង​៤០៦២០ ត្បូង​មាន​តំលៃ​៤៥៤០ ស្បៃ​ពី​ប្រទេស​ចិន​៨៧៦ សូត្រ​៥១២ និង​ក្លស់​៥២៣។



     ប្រាសាទ​តាព្រហ្ម​កសាង​ឡើង​ពី​ថ្ម​ភក់ និង​ថ្ម​បាយ​ក្រៀម​មាន​កំពែង​៥​ជាន់ និង​​ មាន​ប្រាង្គ​ប្រាសាទ​ចំនួន​៣៩។​ កំពែង​ខាង​ក្រៅ​របស់​ប្រាសាទ​នេះ​មាន​ប្រវែង​៧០០​ Χ ១០០០​ម៉ែត្រ។ នៅ​ខាង​ជើង​គោ​បុរៈ​ខាង​កើត​នៃ​កំពែង​ខាង​ក្រៅ មាន​អាគារ​របាំ​មួយ។ ប្រាសាទ​នេះ​ក៏​ត្រូវ​បាន​ចាត់​ទុក​ផង​ដែរ ជា​សាកល​វិទ្យាល័យ​ផ្នែក​វិទ្យាសាស្ត្រ​ដែល​ក្រោម​ការ​គ្រប់គ្រង​របស់​ក្សត្រី​ឥន្ទ្រ​ទេវី។


អត្ថបទដកស្រង់​ចេញ​ពី​ http://km.wikipedia.org