លានជល់ដំរី
លានជល់ដំរីស្ថិតនៅខាងមុខនៃគោបុរៈខាងកើតនៃកំពែងព្រះបរមរាជវាំង។ លានជល់ដំរីនេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី១២ នៃគ្រិស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧។ នៅទីនេះមានរូបចំលាស់ដំរី និងហ្មរជាច្រើន។ រូបនោះបង្ហាញពីដំរីដែលប្រើប្រាស់ប្រមោយដើម្បីប្រមាញ់ និងប្រយុទ្ធជាមួយនឹងខ្លា។ លាននេះមានប្រវែងប្រហែល៣៥០ម៉ែត្រ ចាប់ពីប្រាសាទបាពួន ដល់លានស្តេចគំលង់។ លាននេះមានរានហាលចំនួនបី និងមានពីរជាន់។ ជណ្ដើរឡើងខាងត្បូងអមសងខាងដោយដំរីក្បាល៣កាន់ផ្កាឈូកនៅប្រមោយរបស់វា។ ជណ្ដើរឡើងកណ្ដាលលំអដោយផ្ទាំងចំលាក់សិង្ហនិងគ្រុឌឈរទ្រជណ្ដើរ។ លាននេះត្រូវបានព្រះបាទជ័យវរ្ម័នទី៧ប្រើប្រាស់ជាវេទិកាពីការវិញត្រលប់នៃកងទ័ពរបស់ព្រះអង្គដែលបានទទួលជ័យជំនះពីសង្គ្រាម។
នៅចុងខាងជើងនៃរានហាល នៅពីក្រោយជញ្ជាំងខាងក្រៅ គេឃើញមានរូបចំលាក់សេះក្បាល៥ធំមួយនៅផ្នែកខាងក្រោមនៅជញ្ជាំងក្នុងនេះ។ រូបចំលាក់នេះខុសប្លែកពីរូបចំលាក់ដទៃ ដោយវាមានភាពរស់រវើកនិងត្រូវបានឆ្លាក់យ៉ាងល្អ។ ដោយសារវាមានស្វេតឆ័ត្រនៅពីលើ គេសន្និដ្ឋានថាវាជាសេះរបស់ព្រះរាជា។ រូបនេះហ៊ុំព័ទ្ធដោយអប្សរា និងយក្សកាន់ដំបងក្នុងចំនោមមនុស្សកំពុងភិតភ័យជាច្រើន។ អ្នកប្រាជ្ញបារាំងមួយចំនួនជឿថាសេះនេះតំនាងអោយ អវលោកេស្វរៈ ពេលព្រះអង្គមានកំនើតជាសេះបាឡាហៈ។
អត្ថបទដកស្រង់ចេញពី http://km.wikipedia.org
No comments:
Post a Comment