Tuesday, August 12, 2014

ប្រាសាទតាកែវ

ប្រាសាទតាកែវ




     ប្រាសាទ​នេះ​គឺ​ជា​លទ្ធផល​ផ្លែផ្កា​មួយ ​ក្រោម​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​១ នា​សតវត្ស​ទី​១០ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ។ ប្រាសាទ​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ជា​រាង​សាជី​ដែល​មាន​៥​ដំនាក់ ​និង​មាន​កំពស់​២០​ម៉ែត្រ​ប៉ុន្តែ​ជា​អកុសល​ប្រាសាទ​តាកែវ​មួយ​នេះ​មិន​បាន សាង​សង់​រួច​រាល់​ជា​ស្ថាពរ​នោះ​ទេ។



     វិមាន​ប្រវត្តិសាស្ត្រ​ដ៏​ស្កឹមស្កៃ​នេះ មាន​បី​ជាន់ និង​មាន​កំពស់​៤៦​ម៉ែត្រ​ បើ​គិត​ពី​បាត​ដល់​កំពូល​ប្រាសាទ ត្រូវ​បាន​សាង​សង់​នៅ​លើ​ផ្ទៃ​ដី​រាង​បួន​ជ្រុង​ទ្រវែង ដែល​មាន​បណ្តោយ​១២០ម៉ែត្រ x ១០០​ម៉ែត្រ ហើយ​ពី​មុខ​មាន​ស្រះ​ទឹក​ព័ទ្ធ​ជុំវិញ។



     ប្រាសាទ​នេះ​ត្រូវ​បាន​អភិរក្ស​ពី​ឆ្នាំ​១៩២០ ដល់​ឆ្នាំ​១៩២២ ហើយ​ត្រូវ​បាន​បោះ​បង់​ចោល។ នៅ​ទី​បំផុត​ត្រូវ​បាន​ត្រួសត្រាយ​នៅ​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩៣ ដោយ​លោក អួង​វន ក្រោម​ការ​ណែនាំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។



     ​ជាន់​ទី​១ មាន​ក្លោង​ទ្វារ​ចូល​ទាំង​៤​ទិស​ត​​ភ្ជាប់​នឹង​កំពែង​ព័ទ្ធ​ជុំវិញ ទ្រ​ដោយ​ខឿន​ថ្ម​បាយ​ក្រៀម​។ គោ​បុរៈ​​ខាង​​កើត និង​​ខាង​​លិច​មាន​ជណ្តើរ​ឡើង​បី កណ្តាល​មួយ និង​ស្លាប​ពីរ (អម​សង​ខាង)។ គោបុរៈ​ខាង​ជើង ​ខាង​ត្បូង​មាន​តែ​ជណ្តើរ​ឡើង​តែមួយ​ចំ​កណ្តាល​។ ពេល​គេ​មើល​ចប់​ត្រូវ​ឡើង​ទៅ​ជាន់​ទី​១​ទៀត​។
     ​ចន្លោះ​​ជាន់​​ទី​​១ និង​​ជាន់​​ទី​​២ មាន​បណ្ណាល័យ​ពីរ​តាម​បណ្តោយ​កំពែង។ ជាន់​​ទី​​២ មាន​​ជណ្តើរ​ឡើង​តែ​មួយមាន​​​ខឿន​​មួយ​​ជាន់​​ធ្វើ​​អំពី​ថ្ម​បាយ​ក្រៀម​កំពស់៥,៥០ម មាន​កាំ ហើយ​មាន​គោបុរៈ​ចូល​៤​ទិស​ដែរ នៅ​គ្រប់​ជ្រុង​អនុទិស​មាន​ប្រាសាទ​ជ្រុង​តភ្ជាប់​ដោយ​រោង​ទង​(ជា​ថែវ) ធ្វើ​អំពី​ថ្ម​ភក់​ព័ទ្ធ​ជុំវិញ។ នៅ​​ថែវ​ខាង​កើត​មាន​សំណង់​បណ្ណា​ល័យ​៤ តាម​បណ្តោយ​រោង​ទង​មាន​បណ្ណាល័យ​ពីរ​នៅ​សង​ខាង​គោបុរៈ និង​មាន​ពីរ​ទៀត​នៅ​ស្រប​គោបុរៈ ហើយ​មាន​ទ្វារ​ចូល​ទៅ​លិច។
     ​ចន្លោះ​ជាន់​ទី​២ និង​ទី​៣ មាន​បណ្ណា​ល័យ​៤ អម​បណ្តោយ​រោង​ទង​មាន​បណ្ណាល័យ​ពីរ​បែរ​មក​ក្នុង។ នៅ​ក្បែរ​គោបុរៈ​ជាន់​ទី​២ ខាង​ក្នុង​មាន​បណ្ណាល័យ​ពីរ​ទៀត​ធ្វើ​អំពី​ថ្ម​ភក់ បែរ​មុខ​ទៅ​ទិស​ខាង​លិច។ នៅ​អែប​ក្បាល​ជណ្តើរ​មាន​ចំ​ឡាក់​គោ​មួយ​បែរ​មុខ​មក​ទិស​ខាង​កើត​។
     ​ជាន់​ទី​៣ មាន​ខឿន​៣​ជាន់ កំពស់​១៣,៨០​ម មាន​កាំ​ជណ្តើរ​៤១​កាំ ហើយ​មាន​ជណ្តើរ​ឡើង​ទាំង​៤​ទិស​។ ចំពោះ​ខឿន​ទាំង​បី​ជាន់​នេះ គេ​ឆ្លាក់​ក្បាច់​ល្អ​វិចិត្រ ជា​ទម្រ​ប្រាសាទ​ទាំង​៥ ខាង​លើ ពេល​គេ​ឡើង​ដល់​ប្រាសាទ​កណ្តាល​ហាក់​ដូច​ជា​ឡើង​ដល់​ភ្នំ​ព្រះ​សុមេរុ ​ខ្យល់​រសៀកៗ​គួរ​ឲ្យ​ត្រជាក់​ចិត្ត។ ប្រាសាទ​កណ្តាល​មាន​ខឿន​បី​ជាន់ មាន​កាំ​ចំនួន​២០ សំរាប់​ទ្រ​ប្រាសាទ​កណ្តាល ហើយ​មាន​ប្រាង្គ​ខ្ពស់​ត្រដែត​លើ​នភាល័យ​៕


អត្ថបទដកស្រង់​ចេញ​ពី​ http://km.wikipedia.org



No comments:

Post a Comment