ប្រាសាទប្រែរូប
បន្ទាប់ពីបាននាំរាជធានីពីកោះកេរ ត្រឡប់មកអង្គរ (យសោធរ) ជាថ្មីវិញ ព្រះបាទរាជេន្ទ្រវរ្ម័នសាងប្រាសាទប្រែរូបនេះនៅគ.ស៩៦១។ ប្រែរូបមានភាពស្រដៀងគ្នាច្រើននឹងប្រាសាទមេបុណ្យ ដែលនៅខាងជើង ហើយដែលស្ថិតនៅចំកណ្ដាលថ្នល់បារាយណ៍ ជំនាន់នោះហៅថាបារាយណ៍យសោធរ ដោយសារសាងនៅក្រោមរាជតែមួយ ខុសពេលគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ តួប៉មកណ្ដាលដែលនៅជាន់ខាងលើ គឺជាទីដែលគេតម្កល់លិង្គមួយហៅថា "រាជេន្ទ្រភទ្រេសូរ" ពោលគឺលិង្គស្នងព្រះឥសូរ ដែលមាននាមព្រះរាជាភ្ជាប់ជាមួយនោះផង។
ការកសាងនិងឧទ្ទិសប្រាសាទប្រែរូបនេះ មានចារជាអក្សរថ្ម ដែលជាសិលាចារិកវែងជាងគេបង្អស់ ក្នុងចំណោមសិលាចារិកភាសាសំស្រ្កឹតដែលគេស្គាល់ចំពោះកម្ពុជាសម័យបុរាណ។ សព្វថ្ងៃគេរក្សាទុកនៅមន្ទីរអភិរក្សអង្គរ។ ប្រាសាទប្រែរូបរងការខូចខាតជាច្រើន។ ជញ្ជាំងឥដ្ឋ នៃប៉មផ្សេងៗមានការប្រេះរហែកជាច្រើនកន្លែង។
ម្យ៉ាងទៀតដំបូលក៏មានធ្លុះធ្លាយផង។ ការជួសជុលស្ដារឡើងវិញ ធ្វើឡើងដោយប្រុងប្រយ័ត្នជាទីបំផុត ដើម្បីគោរពទៅតាមទស្សនៈ ព្រមទាំងក្បួនខ្នាតអន្តរជាតិបច្ចុប្បន្ន ពោលគឺពង្រឹងរចនាសម្ព័ន្ធឡើងវិញ ដោយពុំមានបញ្ចូលវត្ថុធាតុថ្មី បន្ថែមឲ្យហួសការចាំបាច់ឡើយ។ ម្យ៉ាងវិញទៀត បើទស្សនាតែមួយត្រួស ក៏ភ្នែកទស្សនិកជនធម្មតាពុំផ្ដោតអារម្មណ៍ទៅលើការជួសជុលនោះទេ។ អ្នកឯកទេសអន្តរជាតិជាច្រើនយល់ថា ការជួសជុលប្រាសាទប្រែរូប គួរយកជាគម្រូតទៅមុខ សម្រាប់ការជួសជុលសំណង់បុរាណធ្វើអំពីឥដ្ឋ។
អត្ថបទដកស្រង់ចេញពី http://www.autoriteapsara.org
No comments:
Post a Comment