Tuesday, August 12, 2014

ប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រី




     ប្រាសាទ​បន្ទាយ​ស្រី​គឺ​ជា​ប្រាង្គ​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន​នៅ ​ខេត្ត​សៀមរាប អង្គរ​ដ៏​ល្បីល្បាញ​នៅ​ក្នុង ប្រទេស​កម្ពុជា ក៏​ដូចជា​នៅ​លើ ពិភព​លោក​ដែរ ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរ​ជាតិ​យ៉ាង​ច្រើន​កុះករ​មក​ពី​តំបន់​ជា​ច្រើន។ ក្រុម​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​ទស្សនា​ប្រាង្គ ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ដទៃ​ទៀត​នៅ​ក្នុង​ទឹក​ដី​នៃ ខេត្ត​សៀមរាប តែង​តែ​ឆ្លៀត​ចំណាយ​ពេល ​ធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ដ៏​ឆ្ងាយ​ពី​ទី​រួម​ខេត្ត ។



     ប្រាសាទ​បន្ទាយ​ស្រី​បាន​កសាង​ឡើង​ក្នុង​គ្រិស្ត​សករាជ​៩៦៧ ក្នុង​រជ​កាល​ព្រះ​បាទ​រាជេន្រ្ទ​វរ្ម័ន គឺ​មុន​ការ​កសាង​ប្រាសាទ​អង្គរវត្ត និង​អង្គរ​ធំ ដោយ​ព្រហ្មណ៍​ម្នាក់​ឈ្មោះ យជ្ញវរាហៈ ដែល​ជា​ព្រះ​គូ្រ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៥ ​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​។ ប្រាសាទ​បន្ទាយ​ស្រី​មាន​ឈ្មោះ​ល្បី ព្រោះ​វា​ត្រូវ​បាន​សាង​សង់​ឡើង​ពី ថ្ម​ផ្កាឈូក​ជាមួយ នឹង​ក្បាច់​ចម្លាក់ យ៉ាង​ល្អិត​ឆ្មារ​រស់​រវើក​ជាង​គេ ដោយ​មាន​តួ​ប្រាង្គ​បី ដែល​មាន​សភាព​ល្អ​ឆើត​ឆាយ​ដូច​ស្រី​គ្រប់​លក្ខណ៍។ ប្រាសាទ​នេះ​សង់​លើ​ដី​រាប​ស្មើ​មាន​រាង​តូច​ច្រឡឹង​ដោយ​ថ្ម​ភក់​ផ្កាឈូក និង​ឥដ្ឋ​រាង​៤​ជ្រុង​ទ្រវែង ហើយ​មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ ​ប្រាង្គ​ទាំង​បី​នៃ​ប្រាសាទ​សង់​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​ប្រាង្គ​កណ្តាល​មាន​តម្កល់ លិង្គ​ព្រះ​ឥសូរ ខាង​ត្បូង​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញ​សាសនា និង​ខាង​ជើង​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​វិស្ណុ​។



     ប្រាសាទ​បន្ទាយ​ស្រី​កាល​ដើម​ឡើយ​មាន​ឈ្មោះ​ថា "ឥសូរបុរៈ" ប្រែ​ថា ​"បុរី​នៃ​ឥសូរ" ប៉ុនែ្ត​សម័យ​ក្រោយៗ​មក​ទៀត​គេ​ហៅថា ប្រាសាទ​បន្ទាយ​ស្រី ទៅ​វិញ​ដោយ​សារ​តែ​រាង​តូច​ច្រឡឹង និង​ក្បូរ​ក្បាច់​រចនា​ដ៏​ស្រស់​ស្អាត និង​រស់​រវើក​នៅ លើ​ផ្ទាំង​ថ្ម​ពណ៌‌​ផ្កា​ឈូក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រាសាទ​នេះ​បាន​ទទួល​ការ​កោត​សរសើរ​ពី​ភ្ញៀវ​ទេសចរ​សឹង​គ្រប់​រូប​ថា ពិត​ជា​ស្រស់​ស្អាត ទោះ​បី​មាន​បរិវេណ​តូច​ចង្អៀត​ បន្តិច​មែន​តែ​ទ្រង់ទ្រាយ ប្រាសាទ​លំអ​ទៅ​ដោយ​ចម្លាក់​ផ្កា​ភ្ញី នៃ​រឿងរ៉ាវ​ដែល​ទាក់​ទង​ទៅ​នឹង​លទ្ធិទេវរាជ "រឿង​រាម​កេរ្តិ៏​ខែ្មរ" មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ចម្លាក់​នីមួយៗ​ សុទ្ធ​តែ​មាន​លក្ខណៈ​រស់​រវើក​បើ​ប្រៀប​ធៀប​ទៅ នឹង​ប្រាសាទ​ដទៃ។


អត្ថបទដកស្រង់​ចេញ​ពី​ http://km.wikipedia.org








No comments:

Post a Comment